Saturday, July 18, 2015

ខេត្ត​ព្រះ​សីហ​នុ ៖ FOSU​ ​និង​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​ព្រៃ​នប់ ស្លាប់​ខ្មែរ​ឥស្លាម២​នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​២​នាក់​ជា​ជន​ជាតិ​ខ្លែរ​ឥស្លាម​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​រវាង​រថយន្ត​ធន់​ធំ​បុក​គ្នា​ជាមួយ​ម៉ូតូ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ កក្កដា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៧-១៩៨ ស្ថិត​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ អីុ សើ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ម្នាក់​ទៀត​ឈ្មោះ មហា​មាត់ សុខ​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ អ្នក​ទាំង​២​ជា​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ដូន​លយ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​រថយន្ត​បុក​ហើយ​កិន​ទាំង​ម៉ូតូ ទាំង​មនុស្ស​ជាប់​នឹង​កង់​រថយន្ត​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។
តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​រវាង​រថយន្ត​១​គ្រឿង​ម៉ាក FUSO ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 3F-0891 បើកបរ​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​ភ្នំពេញ​(​ពី​លិចទៅ​កើត​) និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា ។
សមត្ថកិច្ច​បន្ត​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នេះ​នៅ​មិន​ទាន់​ដឹង​ថា​បង្ក​ឡើង​ដោយ​ភាគី​ខាង​ណា​នោះ​ទេ ព្រោះ​កំពុង​តែ​ធ្វើការ​វាស់វែង និង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ចំណែក​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​ពេល​ក្រោយ រីឯ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរឥស្លាម ៕
ប្រភព៖ kohsantepheapdaily.com.kh

រីករាយសណ្តាប់បទចម្រៀងបេក្ខភាព Cambodian Idol អ៊ាម វុន្នី ដែលទទួលបានមាសសន្លឹកពីលោក ព្រាប សុវត្ថិ
បទ៖ ធុញទីក្រុង

No comments:

Post a Comment